៩ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញកើនឡើងជាង ២២ភាគរយ ក្នុងទំហំទឹកប្រាក់ជាង ១៧,៥២ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៧,៥២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២២នេះ កើនឡើង២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ទិន្នន័យដដែលនេះបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃ ១៧,៥២ពាន់លានដុល្លារ កើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ដោយឡែក ការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃ ២៣.៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង១៥.២ភាគរយ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល៩ខែនេះ កើនដល់ ៤១.០២ពាន់លានដុល្លារ កើនឡើង១៨ ភាគរយ។
ទំនិញដែលកម្ពុជានាំចេញទាំងនោះ រួមមាន សំលៀកបំពាក់ក្នុងទំហំទឹកប្រាក់ជាង ៦.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ផលិតផលស្បែកជើង សម្ភារធ្វើពីស្បែកសត្វ យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ, រួមនឹងផលិតផលផ្សេងទៀត ដូចជាផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌកែច្នៃផ្សេងជាដើម។
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការកើនឡើងនូវការចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយសារកម្ពុជា បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលតាមរយៈទីផ្សារទាំង១៥ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជាក្រោមអត្រាពន្ធទាប។
ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមាន ក៏ត្រូវបានអ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍កិច្ចព្រមព្រៀងនេះ គួរឱ្យកត់សម្គាល់ផងដែរ។
តាមអគ្គយកដ្ឋាន និងរដ្ឋាករកម្ពុជា អាមេរិក គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលកម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៧,០៤ ពាន់ដុល្លារ ខណៈវៀតណាម បាននាំចូលទំនិញពីកម្ពុជាក្នុងតម្លៃ ១,៥៩ពាន់ដុល្លារ, ជប៉ុននាំចូលទំនិញពីកម្ពុជា ក្នុងតម្លៃ ៨៩៧ លានដុល្លារ, និងចិន ក្នុងតម្លៃ៨៩៥ លានដុល្លារ៕