អាវុធហត្ថ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន ៦នាក់ ដកហូតគ្រឿងញៀន ១៦១កញ្ចប់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយបានឃាត់ខ្លួនមនុស្ស៤នាក់ ជាមេក្លោងនិងដកហូតគ្រឿងញៀន១៦១កញ្ចប់ រថយន្តសេរីទំនើប២គ្រឿង នេះបើយោងតាមការឱ្យដឹងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានធ្វើការពន្លាតសមត្ថកិច្ចដែនដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២)ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

លោកមេបញ្ជាការបញ្ជាក់ថាជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនទី១-ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  ទី៣-ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤.ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយឡោមព័ទ្ធនិងឃាត់ខ្លួនមេក្លោងទាំង៤ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរខាងលើក៏បន្តដេញប្រផាប់ចាប់ប្រភីងមុខសញ្ញា២នាក់បន្ថែមទៀតដែលបានរត់ចូលទៅក្នុងភូមិសាស្ត្រស្រុកឈូកនៃខេត្តកំពត ក្រោយដឹងខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាងលើ។កម្លាំងអាវុធហត្ថនៃខេត្តទាំងពីរបានសហការជាមួយអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតបានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ទី១-ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី២-ឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថាក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងជំនាញអាវុធហត្ថនៃខេត្តទាំង៣បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១៥៩កញ្ចប់ ម្សៅពណ៌សចំនួន២កញ្ចប់ដែលសង្ស័យជាk រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿងនិងវត្ថុតាងពាក់ព័ន្ធមួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធី ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This