សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសាលាក្រុងសិរីសោភ័ណ និងសមិទ្ធផលជាច្រើន ក្រោយសាងសង់អស់រយៈពេល ១ឆ្នាំពេញ

បន្ទាយមានជ័យ ៖ អាគារសាលាក្រុងសិរីសោភ័ណថ្មី និងសមិទ្ធនានាផលជាច្រើន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោយសាងសង់អស់រយៈពេល ១ឆ្នាំពេញ ។

ពិធីនេះប្រព្រឹត្តទៅនៅនឹងបរិវេណសាលាក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយការចូលរួមពីសំណាក់ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ រដ្ឋបាល ឃុំ សង្កាត់ មេភូមិ សប្បុរសជន និងសិស្សានុសិស្សជាច្រើននាក់ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណនេះ ត្រូវបានបញ្ចុះបឋមសិលា សាងសង់ឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានទំហំទទឹងប្រវែង ១៣ម៉ែត្រ បណ្ដោយប្រវែង ២៨ម៉ែត្រ កសាងអស់រយៈពេល១ឆ្នាំពេញ ហើយត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ ក្នុងមាននោះមាន សមិទ្ធផលច្រើនទៀត ដូចជា ៖ ប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធលូទឹកភ្លៀង, ប្រព័ន្ធលូទឹកកខ្វក់, ទីលានទុកដាក់សំរាម, ផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុ, ផ្លូវក្រាលថ្មមិច ដែលបានការគាំទ្រថវិកាពីក្រសួង ស្ថាប័ននានា រដ្ឋបាលខេត្ត មន្ទីរជំនាញ ថវិការដ្ឋបាលក្រុង អង្គការដៃគូ ព្រមទាំងថវិកាមូលនិធិ សង្កាត់ ជាច្រើនទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រដ្ឋបាលក្រុងសិរីសោភ័ណ ក្រោយពេលបានអាគារថ្មីនេះ យកមកធ្វើការហើយត្រូវចេះថែរក្សាឲ្យដូចផ្ទះរបស់ខ្លួន និងការពារសមិទ្ធផលថ្មីនេះ ឲ្យបានល្អយូរអង្វែង ។ ក្នុងនោះដែរ ឯកឧត្តមបានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំសាលាក្រុង និងមន្ត្រីសាលាក្រុងសិរីសោភ័ណ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ បម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាទូទៅនាពេលកន្លងមក ៕

CATEGORIES
Share This