ក្រុមចោរឆក់ការបូប ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ជូន អាវុធហត្ថក្រុងប៉ោយប៉ែតអនុវត្តតាមច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យ ០២នាក់ ក្នុងចំណោមបក្ខពួក ០៤នាក់ ត្រូវបានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ចាប់ខ្លួនប្រគល់ជូនកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តតាមច្បាប់ បន្ទាប់ពីក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀង និងធាក់ផ្តួលម៉ូតូ របស់ប្រជាពលរដ្ឋ តែមិនបានសម្រេច ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌ពីប្រជាពលរដ្ឋថា មានករណី ឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយជនសង្ស័យ១ក្រុមមានគ្នាចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង នៅចំណុចមុខភោជនីយ៍ដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋ ចាប់ខ្លួនបាន ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងហេតុ ហើយយកជនសង្ស័យចំនួន០២នាក់ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអនុវត្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ឌឿម ដម ហៅម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ វី មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០២ បច្ចុប្បន្ន ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការរៀបរាប់របស់ជនសង្ស័យ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួន និងបក្សពួកចំនួន០២នាក់ទៀត ១-ឈ្មោះ រាជ (ហេង ប៊ុនរាជ) ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ បញ្ញា (អាន បញ្ញា) ភេទប្រុស អាយុ១៦ឆ្នាំ បាននាំគ្នាទៅផឹកស៊ីនៅហាងស្រា១កន្លែង ម្ដុំស្តារហ្គោល  ហើយបាននាំគ្នារៀបចំគម្រោងចេញឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដោយឈ្មោះ រាជ បានប្រគល់ម៉ូតូរបស់គេម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឱ្យខ្លួនជាមួយឈ្មោះ មករា ជាអ្នកឌុប និងចាំធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បើកម៉ូតូ១គ្រឿងទៀត ធ្វើសកម្មភាពឆក់ រហូតដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ក្រុមខ្លួនបានកំណត់មុខសញ្ញាជនជាតិឥណ្ឌូនេស៊ីជិះម៉ូតូ០២នាក់ (ប្រុស-ស្រី) ហើយក្រុមរបស់ខ្លួនបានជិះម៉ូតូតាមពីក្រោយ ពេលដល់ចំណុចមុខហាង ប៊ូ សោភ័ណ ឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បានធ្វើសកម្មភាពឆក់យកកាបូបស្បាយចំហៀងរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះ ពួកខ្លួនទាំង០២នាក់បានជិះម៉ូតូទៅធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត ដើម្បីយកទាំងម៉ូតូ តែពេលធាក់ម៉ូតូរបស់ជនរងគ្រោះមិនដួល ក៏ដួលខ្លួនឯង ហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋនៅទីនោះចាប់ពួកខ្លួនបាន ព្រមទាំងម៉ូតូដែលពួកខ្លួនជិះធ្វើសកម្មភាព ០១គ្រឿង ហើយរាយការណ៍ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង ចំណែកបក្សពួកខ្លួន០២នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយសាកសួរ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

CATEGORIES
Share This