លួចម៉ូតូបានសម្រេច ៥ថ្ងៃ ត្រូវអាវុធហត្ថស្រាវជ្រាវឃាត់បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាចោរលួចម៉ូតូ ចំនួន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ បានសម្រេច និងរត់គេចខ្លួនបាន ៥ថ្ងៃ ។
លោកវរសេនីយ៍ត្រីសុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ អាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ នង សុវណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពី ករណីបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ 1AH-5625 កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង០០នាទី នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានឈ្មោះ ដាំប៊ុនហេងភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ផាត់វាសនាភេទប្រុស អាយុ១៧ឆ្នាំ និងបានដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) និងបានបញ្ជូនទៅអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង០២នាក់ ទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕


