ប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន០១នាក់ និង០៣នាក់បានរត់គេចខ្លួន
បាត់ដំបង ៖ កម្លាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបករណីនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ឆក់ត្រី) មួយករណី នៅចំណុចក្បាលកោះអារក្ស អតីតឡូត៍នេសាទលេខ៣ ព្រំប្រទល់ខេត្តបាត់ដំបង ខេត្តសៀមរាប លេខនិយាមការ (UV56803 68880) ស្ថិតនៅភូមិព្រែក ទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធន ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពាមតាអូរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ជាមួយវត្ថុតាង,អាំងវិចទ័រសម្រាប់ឆក់ត្រីចំនួន០១គ្រឿង , អាគុយ៧០អំពែរចំនួន០១គ្រឿង ,ដងឆក់ត្រីចំនួន ២គូរ និងកាណូតស្មាច់បំពាក់ម៉ាស៊ីនចំនួន០៣គ្រឿង ចំណែកបក្សពួក០៣នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ ជនសង្ស័យបានយកឧបករណ៍ឆក់ត្រី មកឆក់លើកងកម្លាំង ហើយក៏ត្រូវបានកងកម្លាំងបាញ់ការពារខ្លួន ក៏ផ្លាតគ្រាប់ត្រូវចំកំភួនជើងខាងស្ដាំរបស់ជនសង្ស័យ បណ្តាលឲ្យរងរបួសស្រាល បន្ទាប់មកកម្លាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បាននាំខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីបន្តនីតិវិធី ៕




ដោយ ៖ សាលី