ពលរដ្ឋងាយរងគ្រោះ ក្រីក្រ ចាស់ជរា ពិការភាព ស្រ្តីមេម៉ាយ និងរងគ្រោះដោយខ្យល់កន្រ្តាក់ ១២២ គ្រួសារ នៅស្រុកភ្នំព្រឹក ទទួលអំណោយកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានដឹកនាំសមាជិក សមាជិការ គណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១២២គ្រួសារ នៅស្រុកភ្នំព្រឹក ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម ជាពិសេសត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។
ទន្ទឹមនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
អំណោយដែលត្រូវផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ,អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកបរិសុទ្ធ០១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ , ដោយឡែកគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយចំនួន ២២គ្រួសារទទួលបានបន្ថែមឃីត០១កញ្ចប់ (មុង ក្រមា)គ្រួសាររលំទាំងស្រុងចំនួន០៧គ្រួសារបន្ថែមសំពត់តង់ចំនួន០១ និងថវិកាមួយចំនួនផងដែរ ៕











ដោយ ៖ សាលី