រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យបងប្អូនអាជីវករ ចុះឈ្មោះចូលរួមជាមួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តលោក ហែម វណ្ណឌី បានលើកទឹកចិត្តដល់បងប្អូនអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យចុះឈ្មោះជាមួយសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។
ការណ៍នេះធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋ និងអាជីវករចូលរួមប្រមាណ ជាង៣ពាន់នាក់ ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ បានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ។ ហើយការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះទៅក្នុងប្រព័ន្ធ ក៏ជាការបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះ លើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម ។ ពិសេសគឺ គុណតម្លៃនិងផលប្រយោជន៍៨ចំណុចធំៗ នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយប្រជាពលរដ្ឋឱ្យចំគោលដៅ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះដែរលោក ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងផងដែរថា ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺ ដើម្បីជួយ និងមិនមែនជាការដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ការណ៍នេះ ធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ ។ ហើយនេះជាយន្តការដែលរាជរដ្ឋាភិបាល បានរៀបចំឡើងដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល ។ ទន្ទឹមនេះលោកក៏បានអំពាវនាវ ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ ឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន ៕
















ដោយ ៖ ប៊ុត សារុន