អភិបាលខេត្តព្រះវិហារ បញ្ជាឱ្យសមត្ថិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការជួយសង្គ្រោះបន្ទាន់ ដែលបង្កដោយខ្យល់កន្រ្តាក់ នៅស្រុកជ័យសែន
ព្រះវិហារ ៖ បន្ទាប់ពីទទួលបទបញ្ជារបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកជ័យសែន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ បានសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ស្រុក ឃុំ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ដែលបានវាយប្រហារមកលើ៣ឃុំ ក្នុងស្រុក កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។
យោងតាមការរាយការណ៍របស់លោក យក់ សំភឿង អភិបាលស្រុកជ័យសែន ថា ក្រោយពីបានចុះពិនិត្យជាក់ស្តែង ឃើញថា ឃុំចំនួន៣ ក្នុងស្រុកជ័យសែន បានទទួលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ លាយលំទឹកភ្លៀង នេះ ធ្វើឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាតសរុប ៩៨ខ្នងផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន៩ខ្នងផ្ទះ ក្នុងនោះឃុំខ្យង រងគ្រោះច្រើនជាងគេសរុប៩០ ខ្នងផ្ទះ ឃុំតស៊ូ ចំនួន ៧ខ្នងផ្ទះ និងឃុំស្អាងចំនួន ១ខ្នងផ្ទះ ប៉ុន្តែ ខ្យល់កន្រ្តាក់នេះ មិនបង្កឱ្យបាត់ជីវីតប្រជាពលរដ្ឋឡើយ ។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការកាកបាទក្រហមខេត្ត នឹងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ខាងមុខនេះ ៕






ដោយ ៖ រ៉ាស៊ី