មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់កម្លាំងក្រោមឱវាទ ឱ្យខិតខំបំពេញការងារ លើកកម្ពស់កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គម

កំពង់ស្ពឺ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានក្រើនរំឭកបន្ថែម ឱ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ បំពេញការងារត្រូវមានភាពម៉ឺងមាត់ តែប្រកបដោយគុណធម៌ក្នុងការលើកកម្ពស់កិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គម ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍។ការណ៍នេះធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្នាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា កងកម្លាំងមានតួនាទីថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែតស៊ូ ដើម្បីធានាបាន នូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាម គោលការណ៍របស់រាជរដ្ឋាភិបាលដែលបាន លើកឡើងអំពីបញ្ហា ភូមិឃុំមានសុវត្ថិភាព ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្ថែមថា កងកម្លាំងកើតចេញពី ប្រជាពលរដ្ឋ ជាកូន ជាចៅរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែបង្កើនការខិតខំឱ្យបានទ្វេរដងដើម្បីផ្តល់នូវភាពជឿជាក់និងទំនុកចិត្តពីប្រជាពលរដ្ឋមកលើកងកម្លាំងយើង។ទន្ទឹមនិងការជឿជាក់និងទំនុកចិត្តនេះដែរ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើងឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសន្តិសុខសហគមន៍និងការអភិវឌ្ឍខេត្ត ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ត្រូវតែបន្តបង្រ្កាបឱ្យបាននូវរាល់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីរំលោភគ្រប់រូបភាព ។

នៅក្នុងកិច្ចប្រជុំនោះដែរមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាសមត្ថកិច្ចគប្បីមានឆន្ទ:សំដៅជម្នះរាល់ឥទ្ធិពលនិងបង្កើនការសាមគ្គីភាពគ្នា ជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អនុវត្តការងារឱ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍអង្គភាព ដោយគិតពីផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសអនុវត្តឱ្យបាននូវទិសស្លោករបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញគឺប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាបនិងពាក្យមួយឃ្លាទៀតគឺជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ហើយក្នុងនោះក៏បានណែនាំទៅតាមមន្ទីរនីមួយៗឱ្យពង្រឹងលើការងារជំនាញឱ្យបានល្អ ត្រួតពិនិត្យរបាយការណ៍ពាក់ពន្ធ័ និងជំនាញរបស់ខ្លួនឱ្យបានត្រឹមត្រូវ រាល់ឯកសារត្រូវរក្សាទុកឱ្យបានល្អ។មន្ទីរជំនាញ ព្រមទាំងបណ្តាក្រុង/ស្រុក ស្នាក់ការសន្តិសុខទាំងអស់បន្តសហការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារៈកិច្ចឱ្យបានល្អដើម្បីបង្កើនស្នាដៃជូនអង្គភាព ជាពិសេសត្រូវយកចិត្តទុកដាក់ការងារបង្ការ បង្រ្កាប និងសង្រ្គោះ ដើម្បីធានាបាននូវសុខសុវត្ថិភាពបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This