ជនសង័្សយក្នុងករណីគ្រឿងញៀន ០២នាក់ ត្រូវបានសហការបង្រ្កាបឃាត់ ខ្លួនអនុវត្តតាមច្បាប់
បាត់ដំបង ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាម យោបល់ដឹនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការអនុញ្ញាតិពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ បូ ហុក ហៅ បូ ភេទប្រុស អាយុ៥៥ឆ្នាំមានទី លំនៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ ថា ថេន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំ នៅ ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ថង់ ទម្ងន់៧៥១,៥៩ក្រាម (ថ្នាំសុទ្ធ) , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១, គ្រឿងថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន, ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់), រថយន្តចំនួន ០១គ្រឿង ម៉ាកTOYO TA CAMRY ពណ៌ស ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ថា ថេន មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង លេខ១២៧តព្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបាត់ដំបង និងចំណុចភូមិភ្នំសំពៅជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមផ្លូវច្បាប់៕




ដោយ ៖ សាលី