រថយន្តក្រុង VIP ក្រុមហ៊ុនសុវណ្ណចិន្តា បុករថយន្តដឹកត្រីតាស្លាប់និងរបួស០២នាក់ នៅលើកផ្លូវជាតិលេខ៥ នៃស្រុកថ្មគោល
បាត់ដំបង ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងអ្នកបើកបរម្នាក់រងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង VIP ក្រុមហ៊ុនសុវណ្ណចិន្តា បុករថយន្តដឹកត្រី កាលពីម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុង VIP ពណ៌សខៀវ ០១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 3A-1187 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ចំណែកររថយន្ត០១គ្រឿងទៀតម៉ាកនីសាន់ដឹកត្រី ពាក់ផ្លាកលេខ ចង្កូតស្តាំ BB-0506 បើកបរដោយឈ្មោះ ប៉ូច សំណាង ភេទប្រុស អាយុ១៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ប៉ូច ចន្ធី ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតមកបុករថយន្តក្រុងពេញទំហឹងបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ ចំណែកស្ត្រីជាបងស្រីស្លាប់ភ្លាមៗ គៀបជាប់ក្នុងរថយន្តតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ យកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕






ដោយ ៖ សាលី