ភ្ញៀវទេសចរមកលេងកំសាន្តខេត្តបាត់ដំបងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ជាង៤០ម៉ឺននាក់ កើនឡើងជិត៣ភាគរយបើធៀបនិងឆ្នាំមុន
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយនៅតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានសរុប ចំនួន ៤០៦,៧៩៥ នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៤០៦,៧៩៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៤០៦,០១៥នាក់ កើនឡើង ២.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤, និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧៨០នាក់ កើនឡើង ៨.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ចំពោះចំនួនភ្ញៀវទេសចរដែលកើនឡើងបែបនេះដោយសារកត្តារួមផ្សំជាច្រើនរួមមាន: ប្រទេសមានសុខសន្តិភាពពេញលេញ អាកាសធាតុអំណោយផល រដ្ឋបាលខេត្តបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ និងការតុបតែងភ្លើងពណ៌តាមកំណាត់ផ្លូវសំខាន់ៗ និងសួនច្បារមួយចំនួន និងមានក្លោងទ្វាតុបតែងយ៉ាងស្រស់ស្អាត បែងចែកមណ្ឌលកម្សាន្ត ពិសេសមានសួនច្បារជាសមិទ្ធិផលស៊ីវិល័យថ្មីប្រចាំឆ្នាំ២០២៣ដ៏ទាក់ទាញទើបខេត្តបាត់ដំបងមានលទ្ធភាពស្រូបទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ ៕








ដោយ ៖ សាលី