ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសាមគ្គី ជូនជនពិការ និងចាស់ជរាគ្មានទីពឹងជាង ១០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ​សំណេះ​សំណាលសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនដល់ជនពិការដោយសារសង្គ្រាមបានបន្សល់ទុក និងចាស់ជរាគ្មានទីពឹង ដែលបាត់បង់ក្រុមគ្រួសារ នាសម័យប៉ុលពត ចំនួន ១២០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវ​បណ្តាំផ្ញើ​សាក​សួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកយាយ លោកតាចាស់ គ្មានទីពឹង និងជនពិការទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅ​ទូទាំងប្រទេស ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ន​នានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខ​ទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយមិនបាន​ដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ លោកយាយលោកតាចាស់ជរា និងជនពិការ នៅ​ទូទាំង​ខេត្តប៉ៃលិន ភាគច្រើន ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សាច់ញាតិ ព្រាត់ប្រាស់ និងក្លាយជាជន​ពិការភាព រហូតមកដល់សព្វ​ថ្ងៃនេះ ដូច្នេះប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែក​សេដ្ឋកិច្ច-សង្គម ប្រជាពលរដ្ឋអាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅ​សមរម្យ មានលទ្ធភាពចូលរួមរាល់សកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុង និងក្រៅប្រទេស ៕

CATEGORIES
Share This