មេ PM ខេត្តកំពង់ស្ពឺ ណែនាំដល់មន្ត្រីរបស់ខ្លួនឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី

កំពង់ស្ពឺ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានក្រើនរំលឹកដល់នាយ នាយទាហ៊ានរងអាវុធហត្ថទាំងអស់ឱ្យត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចដ៏ទៃទៀតជាច្រើន ពិសេសនៅចំពោះមុខនេះ កម្លាំងទាំងអស់ត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្ត នៅតាមកន្លែងផ្សេងៗក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ពិសេសកំពង់ស្ពឺសង្ក្រាន្ត ដើម្បីបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ជាតិ អន្តរជាតិបានកម្សាន្តសប្បាយដោយគ្មានក្តីកង្វល់។

ការក្រើនរំលឹកនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសជូនដំណើរនាយ នាយរង និងពលអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថាកងកម្លាំងអាវុធហត្ថទាំងអស់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចុះបំពេញបេសកកម្មក្នុងការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងយុទ្ធនាការបង្ការបង្ក្រាបក្មេងទំនើងទទួលបានការសាទរពីប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ ពិសេសបេសកកម្មថ្មីដែលនិងចូលដល់នៅរយៈពេល៣ថ្ងៃទៀត គឺបានការលើកទឹកចិត្តឱ្យធ្វើដំណើរលំហែរយៈពេល១ថ្ងៃទៅកាន់ខេត្តព្រះសីហនុ ដើម្បីរំសាយភាពនឿយហត់។

ជាមួយនោះលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថាទន្ទឹមនិងស្នាដៃនិងការកោតសរសើរពីប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលបានសាងស្នាដៃជាច្រើននារយៈពេលចុងក្រោយនេះផងដែរ។ការលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារមកប្តេជ្ញាបង្ការ សង្គ្រោះនិងបម្រើពលរដ្ឋ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់គឺពិតជាបង្ហាញពីការលះបង់ខ្ពស់ដើម្បីជាតិនិងប្រជាពលរដ្ឋ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This