អាជ្ញាធរខេត្តផ្សព្វផ្យាយ​ទប់​ស្កាត់ ការ​កសាង​ម៉ុង ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត ឬ​អាស្រម​ទូទាំង​ខេត្ត​

បន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាល​រងខេត្ត​បន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ០៨  ខែ មេសា ឆ្នាំ​២០២៥ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ទប់​ស្កាត់ ការ​កសាង  ម៉ុង  ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត​អារាម  ឬ​អាស្រម​ទូទាំង​ខេត្ត ។

វិធានការនេះ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក  មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

តាម ព្រះមន្រ្តីសង្ឃបានមានសង្ឃដីកាថាជា​ការ​ពិត​តាម​វត្ត​អារាម​នានា  ក៍ដូចជាវត្តអារាមលើភ្នំក្បែរភ្នំ ឃើញ​ថា មាន​សំណង់​ជា​ច្រើន​ដូច​ជា ម៉ុង ចេតិយ ប្រាង្គ  សង់​ពេញទីធ្លាវត្ត​បណ្តាល​ឲ្យ​មាន​ភាព​ចង្អៀត  ពិសេស​តំបន់​ភ្នំ​ដែល​យើង​ចាត់​ទុក​ជា​បេតិកភណ្ឌ​ធម្មជាតិ និង​តំបន់​ការពារ​ទេសភាព​ធម្មជាតិ  ហើយ​ទី​វត្ត​អារាម​ទាំងអស់​ពុំសូវ​បាន​គិត​គូរ​ពី​ផលប៉ះពាល់អ្វីនោះទេ ពិសេស​បញ្ហ​បរិស្ថាន​។​

លោក យឹម   សំណាង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​គ្រប់​ទី​វត្ត​អារាម​ទូទាំង​ប្រទេស ធ្វើ​ការ​ប្រកួតប្រជែង​រយៈ​កន្លង​មក​ឃើញ​ថា វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ជាស់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ  ១  ហើយ​ថ្មីៗ​នេះ ក្នុង​វត្ត​ស្រះ​រាំង ស្រុក​មង្គលបូរី  មាន​កិត្តិយស​ទទួល​បណ័្ឌជ័យលាភី  និង បណ័្ឌសរសើរថ្នាក់ជាតិ សម្រាប់​អារាម ស្អាត អារាម​បៃតង ក្នុង​ការ​ប្រឡង​ប្រណាំង​មេត្រី​បរិស្ថាន ដែល​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង របស់​ព្រះសង្ឃ អាចារ្យ​គណកម្មការ​ព្រមទាំង​ពុទ្ធ​បរិស័ទ ដែល​បាន​លះបង់​ខ្ពស់ ក្នុង​ការ​ដឹកនាំ​ទី​វត្ត​អារាម​រហូត​ទទួល​បាន​លទ្ធផល​ជា​ទី​មោទនៈ​។ 

លោក  យឹម សំណាង  បន្ត​ថា​វត្ត​អារាម​ទាំងអស់​ត្រូវ​តែ​មាន​ភាព​បៃតង​ស្រស់ស្អាត ដើម្បី​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ  សាសនា  វត្ត​អារាម​ទាំងអស់ ត្រូវ​មាន​កន្លែង​ទូរលាយ  សម្រាប់​ធ្វើ​ពិធី​បុណ្យ​ផេ្សង​ៗ និង​ត្រូវ​គិតគូរ គិត​ពិចារណា​លើការ​សាងសង់​សំណង់​ផេ្សង​ៗ  ដូច​ជា  ម៉ុង ចេតិយ ប្រាង្គ  សាងសង់​ត្រូវ​មាន​ប្លង់​មេច្បាស់លាស់  មាន​ច្បាប់ លិខិត​ស្នាម​ត្រឹម​ត្រូវ និយាយ​រួម​ចាប់ពី​ពេល​នេះ​តទៅ  សូម​ឲ្យ​គណសង្ឃវត្ត ពិសេស​វត្ត​នៅលើភ្នំ ឬ​ជើងភ្នំ សុំជួយការពារ តំបន់​ភ្នំ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ មិ​នអនុញ្ញាតឲ្យមានការសាងសង់បន្ថែមទៀតឡើយ ៕

CATEGORIES
Share This