ហ្វូងសត្វក្របីពលរដ្ឋ ធ្លាក់ចូលប្រឡាយទឹកភក់ជាប់ជាច្រើនថ្ងៃ ហើយ អាជ្ញាធរស្រុកឆែប ជួយសង្គ្រោះបាន១៥ក្បាល និងងាប់៣ក្បាល
ព្រះវិហារ ៖ ដោយសារតែអាកាសធាតុក្តៅទឹកប្រឡាយ,អូរ បានគោករីងបណ្តើរៗ ធ្វើឲ្យហ្វូងសត្វក្របីរបស់ប្រជាពលរដ្ឋចំនួន១៨ក្បាល ជាប់នៅក្នុងប្រឡាយទឹកភក់យ៉ាងជ្រៅជាច្រើនថ្ងៃ ពុំអាចឡើងរួច ហើយត្រូវបានអាជ្ញាធរស្រុកឆែប ចុះជួយសង្គ្រោះបាន១៥ក្បាល និងងាប់ជាន់គ្នាអស់៣ក្បាល។
លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានឲ្យដឹងថា ការឈានទៅជួយសង្គ្រោះហ្វូងសត្វក្របីទាំងនេះគឺក្រោយពីលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅព្រលប់ថ្ងៃទី១ខែមេសា ឆ្នាំ២០២៥ថា នៅចំណុចការដ្ឋានទី៣ ខាងកើតស្នាក់ការឧទ្យានតេជោសែនឫស្សីត្រឹប ក្នុងភូមិសាស្ត្រឃុំឆែបពីរ ឃើញសត្វក្របីមួយហ្វូង ធ្លាក់ក្នុងប្រឡាយទឹកមិនអាចឡើងរួច និងឃើញងាប់អស់ ៣ក្បាលទៀតផង។
លោកអភិបាលស្រុកឆែប បន្តថា អាជ្ញាធរបានចុះទៅជួយអន្តរាគមន៍សង្គ្រោះហ្វូង សត្វក្របីនោះទាំងយប់ ប៉ុន្តែដោយសារស្ថានភាពប្រឡាយទឹកភក់ជ្រៅ មិនអាចប្រើកម្លាំងមនុស្សដើម្បីទាញ ឬក៏ប្រើគ្រឿងចក្រអេស្កាវ៉ាទ័របានទេ លោកក៏បានណែនាំឱ្យជួលរថយន្តស្ទួច ដើម្បីធ្វើការស្ទួចសត្វក្របី ចេញពីប្រឡាយភក់បាន។
លោក ឃិត សុធារ៉ា បានបញ្ជាក់ថា ជាលទ្ធផលបានសង្គ្រោះបានសត្វក្របីចំនួន ១៥ក្បាល និងសត្វក្របី ៣ក្បាលទៀតងាប់ តាមការសន្និដ្ឋានហ្វូងសត្វក្របីទាំងនេះ បានធ្លាក់ចូលប្រឡាយទឹកភក់ប្រហែល ៣ថ្ងៃហើយ ដូចនេះបើយើងមិនសង្គ្រោះបានទាន់ពេលវេលាទេ សត្វក្របីទាំងនោះអាចនឹងស្លាប់បាត់បង់ជីវិតទាំងអស់។ លោកក៏អំពាវនាវដល់ប្រជាកសិករដែលមានសត្វចិញ្ចឹម សូមថែក្សាការពារសត្វចិញ្ចឹមរបស់ខ្លួនឱ្យបានល្អ ចៀសវាងមានការបាត់បង់ដោយប្រការផ្សេងៗ៕






ដោយ ៖ រ៉ាស៊ី