វិទ្យាល័យហ៊ុន សែន ខ្លាកូន រៀបចំពិព័រណ៍ស្នាដៃសិស្ស និងការប្រឡងសំណេរទទួលរង្វាន់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

បន្ទាយមានជ័យ ៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរៀបចំពិព័រណ៍ស្នាដៃសិស្ស ការប្រឡងសំណេរ និងកម្មវិធីផ្សេងៗទៀត រយះពេល២ ថ្ងៃ ទី ៥-៦ ខែមេសា ២០២៥ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ លោក យឹមសំណាង អភិបាលរងខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំខេត្ត លោក សុខ ចំណាន នាយកសាលា វិទ្យាល័យហ៊ុន សែន ខ្លាកូន ក្រុម យុវជនសហភាព សហព័ន្ធ យុវជនកម្ពុជា និងអ្នកគ្រូ អ្នកគ្រូ ជាច្រើននាក់។

លោក សុខ ចំណាន បានលើកឡើងវិទ្យាល័យហ៊ុន សែន ខ្លាកូន បាន រៀបចំពិព័រណ៍ចំនួន ៣៥ ស្តង់ ជាស្នាដៃសិស្សខ្លាកូន  ក្នុងនោះ មានការប្រឡងសំណេរនិងកម្មវិធីផ្សេងៗជាច្រើនទៀត។

តាមស្តង់ពិព័រណ៍ទាំង ៣៥ នេះ សុទ្ធសឹងជាស្នាដៃបង្កើតឡើងដោយសិស្សានុសិស្ស តាមមុខវិជ្ជាដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យាជាដើម ហើយការបង្កើតឲ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងចង់បង្ហាញអំពីសកម្មភាពសិស្ស ជំនាន់ថ្មីនៅទីនេះ មានសកម្មភាពបែបណា កម្រិតណានិងសមត្ថភាពរបស់សិស្ស ចង់ឲ្យមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងភ្ញៀវកិត្តិយសបានឃើញអំពីលទ្ធផលសិក្សារបស់សិស្ស មានភាពឆ្នៃប្រឌិតបានដូចម្តេចខ្លះ គំនិតបង្កើតថ្មីបានយ៉ាងណាខ្លះ ហើយការ បង្កើតឲ្យមានកម្មវិធីតាំងពិព័រណ៍នេះឡើង ដើម្បីចង់បង្ហាញឲ្យឃើញគុណភាពចំណេះដឹងរបស់សិស្សានុសិស្សដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនកន្លងមកផងដែរ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបានមានប្រសាសន៍ថាវាពិតជាពិសេសណាស់ដែលសាលាវិទ្យាល័យខ្លាកូនបានរៀបចំឡើង បង្ហាញបច្ចេកវិជ្ជានៅក្នុងផ្នែកមនុស្សយន្ត ឧបករណ៍និម្មិតនិងព័ត៌មានវិទ្យាជា ដើមដើម្បីពន្យល់ដល់សិស្សផ្សេងទៀតដើម្បីស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងទាំងអស់ តាមរយៈការផ្សព្វផ្សាយវិស័យអាជីព

ដល់សិស្សានុសិស្ស និងលើកកម្ពស់ការគិតពិចារណាក្នុងការរៀនសូត្រដល់សិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតានៅទូទាំងខេត្តបន្ទាយមានជ័យផងដែរ។

លោកបានមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ ការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស បានក្រើនរំលឹក និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសតាម បរិបទសង្គមឌីជីថល និងចូលរួមធ្វើអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ៕

CATEGORIES
Share This