ភូមិចំនួន៥៣ ស្រុកថ្មពួក ត្រូវប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យ លេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
បន្ទាយមានជ័យ ៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ បានរៀបចំប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥៣ភូមិ ក្នុងស្រុកថ្មពួក ។
ពិធីនេះប្រព្រឹត្តទៅដោយមមានការអញ្ជើញចូលរួមជាអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមមានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ អាជ្ញាធរ ស្រុក អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋទាំង២១ ប្រមាណ៨០០នាក់ ប្រារព្ធ ធ្វើឡើង នៅវត្តប្រាសាទ រលំជ្រៃ ស្ថិតក្នុងឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី ក៏បានធ្វើការបញ្ជាក់អំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធចាំបាច់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ បន្ទាប់ពីបញ្ចប់មូវការវាស់វែងរួមកក្រុមការងារ និងធ្វើការបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់នូវទន្និន័យរបស់បងប្អូន ប្រសិនបើមានការខុសឆ្គង ត្រូវធ្វើការកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ ។
លោក លៀម សុដា ក៏បានធ្វើការថ្លែងការណ៍កោតសរសើរចំពោះក្រុមការងារចុះវាស់វែង ដែលបានខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំគ្មានថ្ងៃឈប់សម្រាក ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនរដ្ឋនៅទូទាំងនៅទូទាំងខេត្តពិសេសដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកបានពន្លឿនទៅដល់ក្រុមការងារក្នុងការចុះវាស់វែង ឱ្យបានឆាប់រួចរាល់។
លោកក៏បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា អាណត្តិ ទី៧ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយ ចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានមុនដំណាច់ឆ្នាំ២០២៥នៅទូទាំងប្រទេស ឱ្យទទួលបានប្លង់កាន់កាប់ដីដោយស្របច្បាប់ កាត់បន្ថយទំនាស់ដីធ្លី ។ ដោយប័ណ្ណកម្មសិទ្ធដីធ្លីមួយសន្លឹក ព្រៀបបានដូចអត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ពីព័ត៌មានរបស់ម្ចាស់ដី មានកម្មសិទ្ធស្របច្បាប់ ដោយគ្មានអ្នកណាម្នាក់មករំលោភបំពានបានឡើយ។
សូមបញ្ជាក់ថា ការប្រកាសកំណត់តំបន់ដែលត្រូវធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៥៣ភូមិ ក្នុងនោះ ៩ភូមិ ស្ថិតនៅក្នុងឃុំគោកកឋិន, ២១ភូមិ ស្ថិតនៅក្នុងឃុំគោករមៀត, ១៦ភូមិ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ និង៧ភូមិ ស្ថិតនៅក្នុងឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕














