លួចម៉ូតូមិនបានសម្រេច ត្រូវម្ចាស់ម៉ូតូ និងពលរដ្ឋ ចាប់ខ្លួនប្រគល់ឱ្យអាវុធហត្ថក្រុងប៉ោយប៉ែត ចាត់ការតាមច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូ ចាប់ខ្លួនប្រគល់ជូន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉េន ម៉ែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជនរងគ្រោះឈ្មោះ ឆយ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនិងប្រជាពលរដ្ឋ ធ្វើការចាប់ខ្លួនកាលពីវេលាម៉ោង០៩ និង០៣នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ភ្លាមៗបន្ទាប់ជនសង្ស័យ បានពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊ូមម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1970 របស់ជនរងគ្រោះតែមិនបានសម្រេច និងបានប្រគល់មកកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាត់ការតាមផ្លូវច្បាប់ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនជាបន្តបន្ទាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីផ្តន្ទាទោសតាមច្បាប់ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕


