សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នារាជធានីភ្នំពេញ បានដំណើរការប្រារពពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វណ្ណៈនិងឯកឧត្តមឡុង ឆ័យណាវនិងមានការចូលរួមពីសមាជិកសមាជិការនៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យថ្នាក់កណ្តាល ថ្នាក់រាជធានីខេត្តនិងចាងហ្វាងសារព័ត៌មានសរុប៥០០អង្គនាក់ ។
សម្រាប់កម្មវិធីនេះដែល ប្រព្រឹត្តទៅពេញមួយថ្ងៃដោយមានបទបង្ហាញនានាលើវិស័យព័ត៌មាន និងរបាយការណ៍លទ្ធផលការងារពេញមួយឆ្នាំរបស់សមាគមន៍។
តាមការគ្រោងទុកនៅរសៀលថ្ងៃទី៣០នេះ ក្នុងឧកាសបិទកម្មវិធីសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA បានថ្លែងនៅក្នុងពិធីបើកថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ការងារសម្រេចបាន, កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ ។ សន្និបាតនេះក៏បានផ្តោត លើការលើកកម្ពស់ វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាព និងទទួលបានការ គាំទ្រពីសង្គម។
លោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ មានប្រសាសន៍ថា របៀបវារៈនៃអង្គសន្និបាតបានផ្ដោតលើ ៖ ១. ពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ ។ ២. ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់សមាគម ។ ៣. ពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៥ ។ ៤. បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម ។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើត ឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជា អ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជី ក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាព លើវិស័យសារព័ត៌មាន របស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្នសមាគម សារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ជាសមាជិកសរុបចំនួន ៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន ៕











