វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បានបំពេញឱ្យគ្នាទៅវិញទៅមក ខណៈទីអារាមបានកសាងនូវធនធានមនុស្ស ឱ្យចូលរួម ការពារវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិ
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ទីអារាមបានក្លាយជាថ្នាលបណ្តុះនូវធនធានមនុស្សរាប់មិនអស់ និងគ្រប់សម័យកាលឱ្យចូលរួមការពារវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិ ពិសេសការចូលរួមធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។ ដូច្នេះវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រពិតជាមិនអាចកាត់ផ្តាច់និងខ្វះគ្នាបានឡើយ វិស័យទាំងពីរត្រូវដើរទន្ទឹមគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមកទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន។
ការលើកឡើងនេះ គ្រាដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មី គំនូរ ព្រះពុទ្ធបដិមា ដងទង់ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានតំលៃជិតមួយលានដុល្លាសហរដ្ឋអាមេរិកស្ថិតក្នុងវត្តព្រះពុទ្ធដំណាក់លក្ខណារាម ភូមិដំណាក់ពង្រ ឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
លោក ជាម ចន្ទ័សោភ័ណ បានចាត់ទុកថា សមិទ្ធផលដែលកើតឡើងក្នុងវត្តព្រះពុទ្ធដំណាក់លក្ខណារាម តំលៃជិតមួយលានដុល្លានេះ គឺដោយសារតែគោលនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ធ្វើឱ្យយើងមានឱកាសស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនមកដល់ថ្ងៃនេះ ជាពិសេសបង្កភាពអនុគ្រោះដល់ការវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មិនតែប៉ុណ្ណោះប្រជាពលរដ្ឋយើងមានឱកាសប្រកបរបរចិញ្ចឹមជីវិត ធ្វើបុណ្យទាន និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលកន្លងមកយើងបាត់បង់អស់នូវទំនៀមទម្លាប់ ប្រពៃណី ដែលបង្កមកពីសង្គ្រាមរ៉ាំរ៉ៃ ធ្វើឱ្យខ្ទេចខ្ទាំ វិនាសព្រាត់ប្រាស់គ្រួសារ។ ហើយគោលនយោបាយ ក្នុងវិស័យព្រះពុទ្ធសាសនានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ដែលបាននិងកំពុងតែបន្តអនុវត្ត ដោយបានដាក់បញ្ចូលក្នុងកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១ផងដែរ ។
ទន្ទឹមនោះអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ចំពោះមុខគឺយើងទាំងអស់គ្នាត្រូវបន្តចូលរួមរក្សានូវសុខសន្តិភាព ដើម្បីដំណើរការនៃការអភិវឌ្ឍមូលដ្ឋានយើង ថែរក្សានូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់កុំឱ្យបាត់បង់ទៅវិញ ក្នុងការធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ ព្រមទាំងផ្តល់ឱកាសដល់ពុទ្ធបរិស័ទ គោរពប្រតិបត្តិលើកស្ទួយព្រះពុទ្ធសាសនា ដោយធ្វើយ៉ាងណាឱ្យកម្លាំងមហាសាមគ្គីនៃការចូលរួមក្នុងពុទ្ធចក្រនិងអាណាចក្របានដើរទន្ទឹមគ្នា ដោយត្រូវចាត់ទុកថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះដែរអភិបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីភាពរីកចម្រើន សំបូរសប្បាយដែលប្រជាពលរដ្ឋខេត្តនេះពុំធ្លាប់ទទួលបានកាលពីពេលកន្លងមក ពិសេសជាងនេះគឺការអភិវឌ្ឍន៍ ប្រែមុខមាត់ខេត្តពីខេត្តដែលធ្លាប់តែប្រទាញប្រទង់គ្នាដោយចុងអាវុធមកជាខេត្តជាខេត្តដែលសំបូរទៅដោយរោងចក្រ សហគ្រាសតូចធំនិងតំបន់ឧស្សាហកម្មជិត១៤០០កន្លែង។ហើយនៅថ្ងៃប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តខាងមុខនេះ រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីយ៉ាងធំ និងសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ កម្សាន្តសប្បាយរយៈពេល៣ថ្ងៃពេញ៕

















ដោយ ៖ ប៊ុត សារុន