ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
បន្ទាយមានជ័យ ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ លោក ឃ្លោក នួយ អភិបាលរង ខេត្ត និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានដឹកនាំក្រុមការងារ ប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី២ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលដៅសំខាន់៣ គឺ ១.ការកសាងបណ្ដាញប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាងអាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) លើផ្ទៃដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិកតា។ នៅដើមឆ្នាំ២០២៥ គម្រោងសម្រេចបានការងារបណ្ដាញប្រព័ន្ធទឹកកខ្វល់ និងលូរំដោះទឹកក្នុងទីប្រជុំជនបាន ៧៦% អាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) ៩១% បញ្ចប់នៅខែសីហា ឆ្នាំ២០២៥នេះ។
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ បានមានប្រសាសន៍ថា ការកសាងទីលានគ្រប់គ្រងសំរាមក្រុងសិរីសោភ័ណ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដី ១០ ហិកតា និងអគាររដ្ឋបាល ១ទីតាំង មានផ្ទៃដី ១ហិកតា បានចាប់ផ្ដើមសាងសង់ឆ្នាំ២០២៣ និងបានបញ្ចប់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងបានសម្ពោធនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនិងនេះ បានបង្កើតគណៈកម្មការគ្រប់គ្រងប្រតិបត្តិការទីលាន និងប្រព័ន្ធទឹកកខ្វល់ ធានាដំណើរការបានត្រឹមត្រូវដោយយកបទពិសោធន៍រាជធានីខេត្ត ដែលមានភាពចាស់ទុំក្នុងការគ្រប់គ្រងគម្រោងបរិស្ថានបានល្អ។
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ បានបន្តថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ គឺបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវែងឆ្ងាយរបស់សម្តេចមហាប់ចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង អាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕








