សង្ស័យថ្នាំញៀនរើឡើង បុរសម្នាក់បានដុតផ្ទះខ្លួនឯងឆេះទាំងស្រុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមុខសញ្ញាធ្លាប់ប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងនៅវេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះបង្កឡើងដោយឈ្មោះ បួរ ស៊ីណា ភេទប្រុស អាយុ ២៥ឆ្នាំ ដែលជាកូនបង្កើតរបស់ឈ្មោះ បួរ សន ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពផ្ទះទំហំ ៦ម៉ែត្រ×៩ម៉ែត្រ ១ជាន់ ផ្ទះចាស់ ធ្វើអំពីឈើ ប្រក់សង្គ័សី ជញ្ជាំងសង្គ័សី បណ្តាលអោយឆេះខូចខាតទាំងស្រុង រួមជាមួយសម្ភារៈក្នុងផ្ទះមួយចំនួនគិតជាទឹកប្រាក់ប្រហែល ៦០០០ ០០០រៀល (ប្រាំមួយលានរៀល) ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ ពីព្រោះផ្លូវតូចចង្អៀតចូលពុំរួច ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបវេល និងតេស្តពិនិត្យមើលសារធាតុញៀនដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ៕






ដោយ ៖ សាលី