ឃាត់ខ្លួនជនសង្ស័យ០១នាក់ ខណៈកំពុងធ្វើសកម្មភាពឆក់ត្រីដោយខុសច្បាប់
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ខណៈកំពុងធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ វិត ណាវីន ភេទប្រុស អាយុ២៦ឆ្នាំ (មានសារធាតុញៀនជាប់ខ្លួន) មុខរបរនេសាទត្រី រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ,អាំងវិចទ័រឆក់ត្រីចំនួន០១គ្រឿង(ដុំឆក់ត្រជាក់) ,អាគុយ៤០អំពែ ចំនួន០២គ្រឿង ,កន្រ្តងដួសត្រីចំនួន០១ ,ទូកស្មាច់ប្រវែង៥,៤មែត្រ បំពាក់ម៉ាសុីន១៨សេះ ចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងបានបញ្ចូនទៅកាន់ការិយាល័យជំនាញ អាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



ដោយ ៖ សាលី