នគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបក្រុមឧក្រិដ្ឋជនជនជាតិថៃ សម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ ក្នុងក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិកម្ពុជាចុះថ្ងៃទី២៥ ខែមីនា ២០២៥ បានអោយដឹងថា ទីតាំងចំនួន០២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រុមឧក្រិដ្ឋជនជនជាតិថៃ សម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញត្រូវបានសមត្ថកិច្ចកម្ពុជា ចុះបង្ក្រាបបានហើយដោយរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាងគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ និងនគរបាលខេត្តបន្ទាយមានជ័យ ដោយបានចុះបង្ក្រាបទីតាំងចំនួន ០២ លួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ៧នាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់ (ស្រី ៣០នាក់) ក្នុងនោះមានកុមារចំនួន០២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន ៣៣គ្រឿង និងទូរស័ព្ទដៃចំនួន ៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃចំនួន ៦៥ច្បាប់ និងលិខិតឆ្លងដែនថៃចំនួន ០២ច្បាប់។ តាមរយៈទិន្នន័យក្នុងវត្ថុតាង សមត្ថកិច្ច កំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។ នេះតាមសេចក្តីប្រកាសព័ត៌មានអគ្គស្នងការដ្ឋានគរបាលជាតិ។

ក្នុងចំណោមពលរដ្ឋថៃទាំង ៦៣នាក់ សមត្ថកិច្ច បានរកឃើញ ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ដោយឡែក ជនជាតិថៃចំនួន៧នាក់ (ស្រី១នាក់) សមត្ថកិច្ចបានកំណត់ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសនេះ ហើយកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សម្រាប់ជនជាតិថៃចំនួន៥៦នាក់ កម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីកម្ពុជា។ នេះជាការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

CATEGORIES
Share This