អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
កំពង់ស្ពឺ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងនោះមាន៖
ទី១- ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិ ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួល ផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
ទី២- រដ្ឋបាលខេត្តអាច បញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូនអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិនិត្យ និងដោះស្រាយនៅអាជ្ញាធរជាតិ។
ទី៣-រដ្ឋបាលខេត្តនឹងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត។
ទី៤-រដ្ឋបាលខេត្តនឹងផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។
ទី៥-រួមសហការគ្នាក្នុងការពង្រឹង និងលើកកម្ពស់ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សា វិវាទក្រៅប្រព័ន្ធតុលាការឱ្យបានទូលំទូលាយ។
ទី៦-រួមសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងទី៧-អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការ ព្រមព្រៀងគ្នារបស់គូភាគី។
ថ្លែងក្នុងពិធីនោះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចចារ ពិភាក្សា និងរៀបចំឡើងដោយជោគជ័យនូវ “អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ” រហូតឈានទៅដល់ការចុះហត្ថលេខានាថ្ងៃនេះ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយនៅក្នុង នីតិកាលទី៧ថ្មីនេះ រាជរដ្ឋាភិបាលបានកំណត់យកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការងារអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះអាទិភាពទី៥ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសដាក់ចេញជាផ្លូវការក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តកិច្ចការអាទិភាពទី១នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្មីមួយ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទ ដែលមានស្រាប់នៅព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួលផ្សះផ្សាវិវាទជូនដល់គូភាគីវិវាទបានដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះ-ឈ្នះ ទាំងអស់គ្នា ជួយកាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តី ព្រមទាំងរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុង សហគមន៍ និងសន្តិភាពរបស់ប្រទេស។
លោកបន្ថែមថា ដើម្បីឱ្យយន្តការដោះស្រាយសម្រុះសម្រួលវិវាទអាចដំណើរការដោយរលូន និងសម្រេចបានលទ្ធផលខ្ពស់ អាជ្ញាធរជាតិ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយតួអង្គពាក់ព័ន្ធនានា ជាអាទិ៍ ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងរដ្ឋបាលរាជធានី- ខេត្ត ដើម្បីបើកច្រកឱ្យមេធាវី មជ្ឈតករ អាជ្ញាកណ្តាល ឬមន្ត្រីពាក់ព័ន្ធ អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ មកស្នើសុំឱ្យអាជ្ញាធរជាតិទទួលស្គាល់ និង រៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិ ដើម្បីមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងមករដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលបណ្តឹងពីប្រជាពលរដ្ឋចំនួន ១៣៩ករណី ដោយក្នុងនោះដោះស្រាយចប់ ៣២ករណី កំពុងដោះស្រាយ៥៧ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ១៦ករណី ម្ចាស់ដកពាក្យបណ្តឹង៥ករណី មិនទាន់ដោះស្រាយ២៩ករណី។ ដោយឡែកក្នុងរយៈពេល ៣ខែនាដើមឆ្នាំ២០២៥រដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងចំនួន៨០ករណី បណ្តឹងដោះស្រាយចប់ ៤ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ៤៥ករណី ម្ចាស់ដកពាក្យបណ្តឹង២ករណី និងមិនទាន់ដោះស្រាយចំនួន១០ករណី ៕












ដោយ ៖ ប៊ុត សារុន