លោកជំទាវ បាន ស្រីមុំ សំណេះសំណាលផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ១៦០គ្រួសារ

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញ ខេត្ត ព្រមទាំងក្រុម ការងារ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយ សារគ្រោះធម្មជាតិមកពីភូមិចំនួន ១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការចែកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះ គឺ ដើម្បីចូលរួម ចំណែក ដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន អោយ កាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះ មិន បានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាច ដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹង ប្រែងប្រកប មុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឱ្យបានកាន់ ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូន អោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេស ក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ដាច់បាយដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញ នូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យ ដើម្បីជំរុញ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ ផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះ អាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗ ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា  ដោយឡែក អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅ ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ  ៕

CATEGORIES
Share This