កម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែង រកឃើញរថយន្តចង្កូតស្តាំជាច្រើនគ្រឿង និងឈើប្រណីតជាច្រើនម៉ែត្រគូប
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទុត វីនីត និងកម្លាំងគយ កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែង។
យោងតាមការចុះផ្សាយតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យទីតាំងការដ្ឋានរបស់ជនជាតិចិនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានម្ចាស់ ឈ្មោះ លីយ៉ុងកួយ ភេទប្រុសអាយុប្រហែល៥៥ឆ្នាំ ជាជនជាតិចិន និងអ្នកតំណាងឈ្មោះ វ៉ាន់ សុជាតា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរគណនេយ្យ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញ , ក្បាលរថយន្តសណ្តោងរ៉ឺមកចង្កូតស្ដាំចំនួន១៤គ្រឿង , រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំ ចំនួន ១០គ្រឿង , រ៉ឺមកសណ្តោងមានសាទែន ចំនួន២គ្រឿង , សាមីរ៉ឺមក ចំនួន៤ គ្រឿង , ឧបករណ៍សម្រាប់ដាប់លេខតួរថយន្ត ចំនួន ១ឈុត និងឈើមួយចំនួនផងដែរ។
ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ រថយន្តចង្កូតស្តាំខាងលើត្រូវបានប្រគល់អោយគយនិងរដ្ឋាករដើម្បីចាត់ការតាមនីតិវិធី ចំណែកឈើត្រូវបានប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី ៕



















ដោយ ៖ សាលី