កម្លាំងទាហាន សហការជាមួយកម្លាំងអង្គការហ្វាយអេដស៍ ស្ទាក់ឃាត់រថយន្តសាំយ៉ុង០១គ្រឿង ខណៈកំពុងដឹកជញ្ជូនឈើដោយខុសច្បាប់
បាត់ដំបង ៖ កម្លាំងទាហានប្រចាំការទិសសំឡូត សហការជាមួយកម្លាំងអង្គការហ្វាយអេដស៍ ចុះស្ទាក់ឃាត់រថយន្ត០១គ្រឿងខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងចន្លោះពីម៉ោង ១១ចូលម៉ោង១២យប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅចំណុច៣២ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2B-5567 និងឈើគ្រឿងជាច្រើនម៉ែត្រគូបផងដែរ។
លោក ឆាយ ណារ៉េត នាយផ្នែករដ្ឋបាលព្រៃឈើរតនៈមណ្ឌល បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា រហូតមកដល់ពេលនេះ រថយន្តឈើខាងលើត្រូវបានទាហានសហការជាមួយរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីពលរដ្ឋឈ្មួញឈើខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ភ័ក្រ្ត ហើយពលរដ្ឋសង្ឃឹមថា បន្ទាប់ពីឃាត់បានទាំងរថយន្ត ទាំងឈើ តើមន្ត្រីជំនាញអាចបន្តស្រាវជ្រាវចាប់ម្ចាស់បានដែរឬយ៉ាងណា ៕






ដោយ ៖ សាលី