ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុងបុកពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត រងរបួសបាក់ជើងម្ខាង
បាត់ដំបង ៖ ស្ត្រីវ័យក្មេងម្នាក់ បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់ បាក់ជើងម្ខាង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1T-5379 បើកបរដោយឈ្មោះ សារ៉េត ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ភ្លាមនោះក៏មានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2T-4125 បើកបរដោយឈ្មោះ ជាតិ គំនិត ភេទប្រុស អាយុ២២ឆ្នាំ និងអ្នករួមដំណើរពីរនាក់ ទិសដៅស្របគ្នា បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយអ្នកបើកបរស្លាប់ភ្លាម ចំណែកអ្នកបើកបររថយន្ត រងរបួសធ្ងន់បាក់ជើងម្ខាង និងអ្នករួមដំណើរម្នាក់របួសស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ យកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកជនរងគ្រោះ ត្រូវបានដឹកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី