នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាកពីរសៀលថ្ងៃសុក្រ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងការសហការបង្ក្រាបក្រុមជនសង្ស័យធ្វើសកម្មភាព កាប់ប្លន់ ទៅលើជនរងគ្រោះ ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត និងការសរសើរលើការបម្រើលើសេវាសាធារណៈ និងខិតខំធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងគណៈស្នងការ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជម្រុញការអនុវត្ត្កការងារ ចាប់ពីស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈនគរបាលជាតិ និងត្រូវប្រើប្រាស់វិធានការអប់រំ អោយប្រជាពលរដ្ឋយល់ដឹង ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖ អាវចំណាំងផ្លាត; អាវការពារគ្រាប់ និងបានពិនិត្យវឌ្ឍនភាពនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ផងដែរ ៕












