ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរ ៩៧គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានអំណោយកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៧គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ជាពិសេសបងប្អូនរស់នៅក្នុងស្រុកបវេល និងស្រុកថ្មគោល ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
ឯកឧត្តម សុខ លូ បន្តថា ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញនូវការសោកស្ដាយ និងបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមបានបន្តថា ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជាដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំនៃលំនៅឋាន ដើម្បីបង្ការនិងការពារហានិភ័យដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា និងសូមថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេល។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ផងដែរថា៖ យោងតាមរបាយការណ៍របស់មន្រ្តីប្រតិបត្តិសាខា បានអោយដឹងថា រយៈពេល៣ខែ ដើមឆ្នាំ២០២៥នេះ ខេត្តបាត់ដំបងបានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន ១៦លើក ស្មើ ៤៤១ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន៤០ខ្នង ប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន ១៨៦ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន២១១ខ្នងផ្ទះ ដើមឈើរលំសង្កត់របួសមនុស្សចំនួន ៤នាក់ រន្ទះបាញ់សម្លាប់មនុស្ស ១នាក់ និងរបួស៤នាក់និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី១យួ ,ទឹកស៊ីអ៉ីវ១យួរ ,ទឹក បរិសុទ្ធ ១កេស ,ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា)និងថវិកាមួយចំនួន ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕








ដោយ ៖ សាលី