ភ្លើងប្រចណ្ឌ ក្លាយជាហិង្សា ត្រូវអាវុធហត្ថចាប់ខ្លួនអនុវត្តតាមផ្លូវច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីបានប្រើអំពើរហិង្សា ទៅប្រពន្ធដោយសារការប្រចណ្ឌ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យថា នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉ន សុកានរក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ សាន សារ៉ុម ភេទប្រុស អាយុ២២ឆ្នាំ(ជាប្តី) ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ខាងលេី ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យក្នុងបណ្តឹងខាងលើ មកសួរនាំទៅតាមនីតិវិធី ។
លោកថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានប្រេីហិង្សាលេីប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធ ឈានដល់ឈ្លោះប្រកែកគ្នា ហេីយប្រពន្ធបានយកកូនកាំបិត ប្រតាយប្រតបគ្នា ទេីបបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។ ជនសង្ស័យបានសារភាពទៀតថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនផងដែរ។
យោងតាមពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕


