ក្រុមហ៊ុនទឹកស្អាត ចំនួន៤ កំពុងកំពុងប្រឈមកង្វះទឹកផ្គត់ផ្គង់ដល់ការប្រើប្រាស់ គ្រាដែលស្ទឹងមង្គលបូរី រីងគោកដល់បាត

បន្ទាយមានជ័យ ៖ ក្រុមហ៊ុនទឹកស្អាតចំនួន៤ កន្លែងក្នុងស្រុកមង្គលបូរី កំពុងប្រឈមនិងកង្វះទឹកសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកប្រើប្រាស់ គ្រាដែលស្ទឹងមង្គលបូរី រីងគោកដល់បាត ។

លោក សាយ ញឹប ប្រធានក្រុមហ៊ុនទឹកស្អាតមង្គលបូរី បានប្រាប់ឱ្យដឹងនៅដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះថា៖ ក្រុមហ៊ុនទឹកស្អាតមង្គលបូរីរបស់លោក អាចផ្គត់ផ្គង់ដល់ការប្រើប្រាស់បានត្រឹមតែរយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ ព្រោះគ្មានទឹកផលិតសម្រាប់ផ្គត់ផ្គង់បន្តទៀតទេ។ស្ទឹងមង្គលបូរីដែលជាប្រភពទឹកដ៏ធំតែមួយគត់សម្រាប់ផលិតផ្គត់ផ្គត់ ចែកចាយដល់ការប្រើប្រាស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូលបានរីងគោកដល់បាតជាងមួយខែមកហើយ។ទឹកស្រះដែលមានផ្ទៃដីប្រមាណ៤ហិកតាដែលក្រុមហ៊ុនបានកាយសម្រាប់ស្តុកទឹកទុក ក៏បានបូមផលិតចែកចាយ ផ្គត់ផ្គង់ជិតអស់ហើយដែរ បើតាមការប៉ាន់ស្មានអាចផ្គត់ផ្គង់យ៉ាងសង្ខេបបំផុតមិនបាន១០ថ្ងៃទៀតទេ នឹងអស់ហើយ។

ប្រធានស្ថានីយ៍ទឹកស្អាតរូបនេះបន្តថា ក្នុងកំឡុងនេះគឺពឹងលើភ្លៀងតែមួយប៉ុណ្ណោះដើម្បីអាចមានលទ្ធភាពផលិតចែកចាយទឹកទៅដល់បងប្អូនក្នុងស្រុកបន្ត ហើយក្នុងកំឡុងប៉ុន្មានថ្ងៃនេះមេឃមិនមានភ្លៀងទេគឺចប់ហើយ។ដូច្នេះសូមអាជ្ញាធរមូលដ្ឋានស្រុកមង្គលបូរីនិងអាជ្ញាធរខេត្តបន្ទាយមានជ័យជួយពន្លឿនការដោះស្រាយបញ្ហាប្រឈមនេះផង។

ជុំវិញការស្នើសុំនេះលោក អ៊ូ សុភាព និងលោក ឈុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានឱ្យដឹងថា៖ក្រោយទទួលបានព័ត៌មានពីក្រុមហ៊ុនទឹកស្អាតមង្គលបូរី ដែលបាននិងកំពុងប្រឈមការខ្វះទឹកផលិតនិងផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋប្រើប្រាស់បានប្រហែលរយៈពេលជាង១សប្តាហ៍ទៀត អភិបាលស្រុកមង្គលបូរីបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនិងបានស្នើសុំទៅអភិបាលខេត្តបន្ទាយមានជ័យឱ្យជួយអន្តរាគមន៍និងសុំបូមទឹកពីស្ទឹងសិរីសោភ័ណទំលាក់ចូលមកស្ទឹងមង្គលបូរីប៉ុណ្ណោះ គ្រាដែលទឹកក្នុងស្ទឹងសិរីសោភ័ណក៏កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្នដូចគ្នាផងដែរ។ទន្ទឹមនេះក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសូមបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការសន្សំសំចៃទឹក ដើម្បីធានាដល់ការប្រើប្រាស់បានយូរទម្រាំអាជ្ញាធរដោះស្រាយលើបញ្ហាប្រឈមនេះបាន។

សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតទាំង៤កន្លែងមាន ៖ ១.ក្រុមហ៊ុនទឹកស្អាតមង្គលបូរីយកទឹកស្ទឹងនិងទឹកស្រះសម្រាប់ផលិតផ្គត់ផ្គង់ប្រជាពលរដ្ឋមានឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ឃុំបត់ត្រង់, ២.ក្រុមហ៊ុនទឹកស្អាតយកទឹកស្ទឹង និងស្រះទឹកអណ្តូងបុកក្រោមដីផ្គត់ផ្គង់ឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ, ៣.ក្រុមទឹកស្អាតបន្ទាយនាងយកទឹកស្ទឹងនិងទឹកស្រះ ទឹកក្រោមបាតភ្នំបន្ទាយនាងសម្រាប់ផ្គត់ផ្គង់ឃុំបន្ទាយនាង ឃុំរហាត់ទឹក ឃុំបត់ត្រង់, និង៤.ក្រុមហ៊ុនទឹកស្អាតភ្នំតូចយកទឹកស្រះ អាងភ្នំតូចនិងទឹកអណ្តូងបុកខាងភ្នំធំសម្រាប់ផ្គត់ផ្គង់ឃុំភ្នំតូចនិងឃុំអូរប្រាសាទ ។ ហើយក្នុងចំណោមក្រុមហ៊ុនទាំង៤ខាងលើនេះ មានតែក្រុមហ៊ុនចំនួនប៉ុណ្ណោះដែលកំពុងប្រឈមខ្លាំង ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This