ជនជាប់ចោទម្នាក់ បានរត់លោតចូលទឹកស្ទឹងសង្កែ ទាំងដៃជាប់ខ្នោះ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនជាថ្មី

បាត់ដំបង ៖ បុរសជាជនជាប់ចោទម្នាក់ បានព្យាយាមរត់លោតចូលទឹកស្ទឹងសង្កែទាំងដៃជាប់ខ្នោះ ដើម្បីគេចខ្លួន បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាប់ពាក់ព័ន្ធករណីថ្នាំញៀត និងបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ហើយក្រោយមកជនខាងលើមានជំងឺ សមត្ថកិច្ចក៏បានដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង  ហើយបន្ទាប់ពីព្យាបាលបានជាធូរស្បើយហើយ សមត្ថកិច្ចក៏បានមកនាំយកជនជាប់ចោទមកឡើងឡានដើម្បីដឹកយកទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ ភ្លាមនោះជនជាប់ចោទបានព្យាយាមរើបម្រះរត់ទាំងដៃជាប់ខ្មោះហក់ចូលក្នុងទឹកស្ទឹងសង្កែហែលឆ្លងទៅម្ខាងគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានតាមរុករកអស់ជាច្រើនម៉ោងនៅតាមគុម្ពោតព្រៃក្បែរមាត់ទឹក លុះក្រោយមកក៏ប្រទះឃើញជនជាប់ចោលសម្ងំលាក់ខ្លួននៅផ្ទះប្រជាពលរដ្ឋ ក៏បាននាំខ្លួនយកដាក់រថយន្តដើម្បីដឹកបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនវិញ ៕

ដោយ ៖ សាលី

CATEGORIES
Share This