រឹបអូសគ្រឿងញៀន ជិត១០គីឡូក្រាម ក្រោយឃាត់ខ្លួនជនសង្ស័យ០៣នាក់
បាត់ដំបង ៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលពីថ្ងៃទី០៦ និងទី០៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលដឹកនាំផែន បានធ្វេីការបង្រ្កាបគ្រឿងញៀនមួយករណីក្នុងបទល្មេីសជាក់ស្តែង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ ៖ ១-ឈ្មោះ អៀម ឆាម ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ២-ឈ្មោះ ធាម លីស៉ីង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ៣-ឈ្មោះ យឿត ផានិត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅសង្កាត់វត្តគរ ក្រុង បាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៧ដុំនិង១២ថង់ទម្ងន់ ៩៨ ២៩.០៨ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង, រថយន្តចំនួន០២គ្រឿង និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត
ក្រោយពីឃាត់ខ្លួនសាកសួររួច ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕


ដោយ ៖ សាលី