ភ្លៀងមួយមេធំ និង ខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើ សង្កត់លើរថយន្តមួយគ្រឿង នៅក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ ក្រុងប៉ោយប៉ែតមានភ្លៀងមួយមេធំ លាយឡំ និង ខ្យល់កន្ត្រាក់ កាលពីម៉ោង៨យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បណ្ដាលឱ្យរលំដើមឈើមួយដើម បាក់សង្កត់លើរថយន្តមួយគ្រឿង ខូចខាតយ៉ាងខ្លាំងតែមិនបង្កអោយមានអ្នករងរបួស់ ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចកាសុីណូផ្កាយ៥ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តដែលរងគ្រោះ ដោយដើមឈើដួលរលំលើ ជារថយន្តអាលហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CC-9087 ដោយភ្លាមៗនេះ មិនទាន់ដឹងថា ម្ចាស់រថយន្តជាអ្នកណាឡើយ។
បើតាមពលរដ្ឋក្រុងប៉ោយប៉ែត បានអោយដឹងថា នៅពេលកើតហេតុខាងលើ មានភ្លៀងខ្លាំងលាយឡំនិងខ្យល់កន្ទ្រាក់ បានធ្វើអោយផ្លូវមួយចំនួន ជន់លិច។
ក្រោយហេតុការណ៍កើតឡើង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុនិងដឹកនាំក្រុមការងារក្រុង ធ្វើការដោះស្រាយភ្លាមៗដោយយករថយន្តសន្ទូច មកស្ទូចដើមឈើ និងរថយន្តចេញពីផ្លូវ នៃកន្លែងកើតហេតុ ដើម្បីបញ្ជៀសការកកស្ទះចរាចរ ៕



