ឧត្តមសេនីយ៍ទោ សេង ធារិន កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ដែលអាចចាត់ទុកថា ជាកងទ័ពគំរូដ៏ល្អក្នុងជួរកងយោធពលខេមរភូមិន្ទ
បន្ទាយមានជ័យ ៖ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការ យោធភូមិភាគទី៥ បានកោតសរសើរខ្ពស់ចំពោះកងពលតូចថ្មើរជើងលេខ៥១ ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ព្រមទាំងមានការរីកចំរើនថ្មីៗប្រកបដោយការកែច្នៃរស់រវើក ដែលអាចចាត់ទុកថាជាកងទ័ពគំរូដ៏ល្អក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងការសហការការពារធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៧ ចំណុច របស់រាជរដ្ឋាភិបាល និងបានចូលរួមក្នុងការងារសង្គមជាច្រើនទៀត។
លើសពីនេះ យោធិននៅក្នុងអង្គភាពមានការគោរពវិន័យ និងការចាត់តាំងបានល្អប្រសើរ ដោយទូទាំងអង្គភាពមិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរឬប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ ហើយកងពលតូចថ្មើរជើងលេខ៥១ បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែងឱ្យខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ នៅពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពរបស់ប្រទេសជាតិពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត។
បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយ-ពលទាហានទាំងអស់ ត្រូវលើកកំពស់ដាច់ខាតនូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាពឱ្យបានគង់វង្ស និងត្រូវពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនា បដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយម មិនឱ្យកើតមាននៅកម្ពុជា និងត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ និងអប់រំចិត្តសាស្ត្រ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពរបស់កងទ័ព និងត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ និងត្រូវចូលរួមថែទាំសុខមាលភាព និងចៀសវាងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងទំនាក់ទំនងជាមួយ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានល្អប្រសើរ និងបន្តការការពារបទល្មើសព្រៃឈើ និងបទល្មើសនេសាទ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការ បានអញ្ជើញប្រគល់សេចក្ដីសម្រេច គ្រឿងឥស្សរិយយស និងលិខិតសរសើរជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និង ឧបត្ថម្ភនូវថវិកា ចំនួន ២.០០០.០០០រៀលផងដែរ៕












