ដឹងអត្តសញ្ញាណរថយន្ត ពាក់ស្លាកលេខនគរបាល និងជនសុីវិល បើកកាងបទល្មើសព្រៃឈើ នៅស្រុកសំឡូតហើយ
បាត់ដំបង ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មាន ស្តីពី ជនស្លៀកសុីវិលប្រើរថយន្តពាក់ស្លាកលេខនគរបាលជាតិកាងបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥រួចមក នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយសមត្ថកិច្ចបានកំណត់បាននូវអត្តសញ្ញាណ នៃរថយន្ពពាក់ស្លាកលេខនគរបាលនោះហើយៗ លោកស្នងការ ក៏បានចាត់វិធានការភ្លាម ដល់ផែនការងារធនធានមនុស្ស និងផ្នែកពាក់ព័ន្ធ កោះហៅ អ្នកប្រើប្រាស់រថយន្តខាងលើ មកធ្វើការសាកសួរ ។
ក្នុងករណីរកឃើញថា មន្រ្តីនគរបាលរូប ណាពាក់ព័ន្ធក្នុងអំពើល្មើស នោះលោកស្នងការនឹងចាត់វិធានការស្របទៅតាមបទវិន័យរបស់កងកម្លាំងនគរ បាលជាតិ ។
ដោយឡែក បើតាមប្រភពព័ត៌មានដែលអ្នកសារព័ត៌មានយើងទទួលបាន រថយន្តដែលជនស្លៀកសុីវិលពីរនាក់ជិះធ្វើសកម្មភាពកាងបទល្មើសព្រៃឈើនោះ ជារថយន្តបំរើការនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ប្រចាំស្រុកសំឡូត ដែលមានមូលដ្ឋានជិតច្រកតំបន់៤០០។ រីឯជនស្លៀកឯកសណ្ឋានសុីវិល ក៏ត្រូវបានគេបង្ហើបអោយដឹងថា ជាឈ្មួញឈើដ៏ល្បីប្រចាំស្រុកសំឡូត ឈ្មោះញេប និងឈ្មោះភ័ក្រ ដែលតែងគេហៅថាភ័ក្រក្រញូង។ ប្រភពព័ត៌មានក៏បានអោយដឹងទៀតថា ក្នុងចំណោមជនស្លៀកសុីវិលទាំងពីរ ដែលជាឈ្មួញឈើដ៏ល្បី មានមួយនាក់ជានគរបាលផងដែរ។
ជំវិញករណីនេះដែលបើតាមលោក សូត្រ សំអុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨២៣ បានអោយអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៦ នេះថា រថយន្តនោះជារថយន្តដែលលោកប្រើប្រាស់ផ្ទាល់ខ្លួន និងដឹកកងកម្លាំងតែសម្រាប់យប់កើតហេតុនោះ លោកមិនបាននៅក្នុងហេតុការនោះទេ គឺ មានមន្រ្តីរបស់លោកម្នាក់ នៅជាមួយដោយលោក បានយករថយន្តគាត់មកជិះធ្វើការ ហើយគាត់ក៏យករថយន្តនះទៅ។ ចំពោះការសួរថា អ្នកជិះនិងអ្នកបើកមានឈ្មោះ ញេប និងឈ្មោះ ភ័ក្រ ឬថា ជាមន្រ្តីលោកមានឈ្មោះ អី លោកមិនបានឆ្លើយប្រាប់អោយដឹងទេ ដោយលោកថាជារឿងចៃដន្យ ៕

