មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ក្រុងច្បារមននឹងក្លាយជាក្រុងទេសចរណ៍គ្មានផ្សែងបារី
កំពង់ស្ពឺ៖ក្រុងច្បារមនគឺជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៩របស់ខេត្តកំពង់ស្ពឺ ហើយក្រុងនេះនឹងក្លាយជាក្រុងទេសចរណ៍គ្មានផ្សែងបារីនៅពេលខាងមុខដ៏ខ្លី នេះបើយោងតាមការលើកឡើងរបស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ក្នុងសិក្ខាសាលាស្តីពី “ការពង្រឹងសុវត្ថិភាពដើម្បីរៀបចំក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅបណ្ណាល័យខេត្តកំពង់ស្ពឺ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការត្រួសត្រាយផ្លូវ និងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងច្បារមន ឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅពេលខាងមុខ ដើម្បីចូលរួមពង្រឹងនិងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។យោងតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីឆ្នាំ២០២២ គ្រប់ក្រុង ស្រុក ខណ្ឌ គឺអាចរៀបចំខ្លួនឱ្យក្លាយជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។ក្នុងនោះ ទី១. អាជ្ញាធរត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងដែនសមត្ថកិច្ច ទេសចរណ៍ និងទី២ ក្រុង ស្រុក របស់ខ្លួនត្រូវអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ជាពិសេសគឺត្រូវធ្វើជាគំរូតាមរយៈការអនុវត្តវិធានការហាមឃាត់ការជក់បារីស្របតាមច្បាប់ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់តាមរយៈយុទ្ធនាការសាធារណៈនានានិងមិនសហការជាមួយឧស្សាហករថ្នាំជក់។
លោក ហោ សារុន ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ យកក្រុងច្បារមនដាក់ចេញយុទ្ធនាការ «គ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» ដែលការណ៍នេះធ្វើឡើងក្នុងគោលដៅប្រែក្លាយក្រុងច្បារមន ជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» តាមរយៈការចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុង។ក្នុងនោះមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ថាតាមរយៈយុទ្ធនាការនេះ ការអនុវត្តវិធានការហាមជក់នៅកន្លែងដែលច្បាប់ហាមឃាត់ ត្រូវបានលើកកម្ពស់ការអនុវត្តបានល្អប្រសើរ និងគួរឱ្យកត់សម្គាល់។ ជាពិសេសការបិទស្លាកហាមជក់ ការមិនសហការនិងមិនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាដើម នៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា។
ដើម្បីជម្រុញឱ្យការអនុវត្តនេះប្រព្រឹត្តិទៅបានរលូននិងឆាប់រហ័ស រដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ទាំងអស់នេះដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវ អនុវត្តឱ្យបានត្រឹមត្រូវ ពិសេសក្នុងថ្ងៃឈប់សម្រាកឱកាសចូលឆ្នាំខាងមុខនេះ ដែលនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តច្រើន។







ដោយ ៖ ប៊ុត សារុន