អាជ្ញាធរចុះយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅស្រុកមោងឫស្សី
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វ ខិតខំពិនិត្យលើបញ្ហាការងារប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារកសិកម្មចិញ្ចឹមសត្វតាមមូលដ្ឋានជាដើម។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់បន្តយុទ្ធនាការក្នុងការចាក់វ៉ាក់សាំង ការពារជំងឺសត្វ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋកុំឱ្យមានជំងឺផ្សេងៗផងដែរ។
គួរបញ្ជាក់ថា នាពេលកន្លងមក មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចាក់វ៉ាក់សាំង ការពារជំងឺសត្វពាហនៈ មួយចំនួនដូចជា វ៉ាក់សាំងការពារជំងឺដុំពកលើស្បែក គោ ក្របី, វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី, វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី, វ៉ាក់សាំងការពារជំងឺជ្រូក៩មុខ,និង វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាដើម ៕








ដោយ ៖ សាលី