សួនតេជោសន្តិភាព សាងសង់ឡើងក្នុងគោលបំណងពន្យល់និងរំលេច អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ

បាត់ដំបង ៖ ក្នុងពិធីបួងសួង ក្រុងពលី សាងសង់សួនតេជោសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំសាងសង់សួនតេជោសន្តិភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺពន្យល់និងរំលេច អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។

ហើយសួននេះនឹងប្រែក្លាយទៅជាសំណង់ស្ថាបត្យកម្មថ្មីមួយ លើទឹកដីនៃខេត្តបាត់ដំបង ដែលមានទម្រង់ជា ៣ថ្នាក់ គឺ ៣-៥-៧ ជាមែកធាងនៃចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ បង្រួមជាខ្នាតតូចសមល្មម ន័យនេះសំដៅទៅទំហំដើមនៃវិមានឈ្នះ ឈ្នះ យកមកបង្រួមជាសួនតេជោសន្តិភាព។

ឯកឧត្តមបានបញ្ជាក់ថា សួងតេជោសន្តិភាពមានអត្ថន័យជ្រាលជ្រៅដែលបង្ហាញអំពីខ្លឹមសារជាសារវន្ត រួមមានខ្លឹមសារផ្ទាំងសិលាចារិកនៅលើតួស្តូបជាមួយនឹងខ្លឹមសាររូបភាព បញ្ចូលគ្នាជារូបចម្លាក់សុទ្ធសឹងតែជាការរក្សានូវ លំនាំដើម និងជាកេរមរតកនៃសិល្បៈ ស្ថាបត្យកម្ម និងអក្សរសាស្ត្រខ្មែរ ដែលមានសរុបទាំងអស់ ១៨ឆ្នាំង សិលាចារឹក ស្មើនឹង ៣៦ផ្ទាំងខ្លឹមសារ ជាខ្លឹមសារនៃនយោបាយឈ្នះ ឈ្នះ ទស្សនទាន ចក្ខុវិស័យសាងសង់វិមានឈ្នះ ឈ្នះ ស្នាដៃ សមិទ្ធផល ការអភិវឌ្ឍនានាតាមបណ្តារខេត្តនីមួយៗ ហើយក្រៅពីនេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទីសក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និងជាប្រវត្តិសាស្ត្រយោធាផងដែរ។

គួរបញ្ជាក់ថា សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែត្រើយខាងកើត ចំពីមុខវត្តកណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង ៩៩៤ម៉ែត្រ មានទំហំ ១៦.០៧៤ម កែលម្អសួនឱ្យមានសោភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ ៕

ដោយ ៖ សាលី

CATEGORIES
Share This