ច្រករបៀងតំបន់៥ គ្រប់គ្រងដោយយោធា៥០៣ កំពុងបើកឲ្យមានអំពើរត់ពន្ធឆ្លងដែន
បន្ទាយមានជ័យ ៖ អំពើរត់ពន្ធទំនិញពីថៃ ចូលកម្ពុជាគេចវេសពីការបង់ពន្ធ និងត្រួកពិនិត្យតាមផ្លូវច្បាប់ កំពុងកើតមានតាមច្រករបៀងតំបន់៥ ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនិងខេត្តស្រះកែវ ប្រទេសថៃ ឈរជើងគ្រប់គ្រងដោយកម្លាំងយោធាការពារព្រំដែន ៥០៣ កំពុងតែសហការគ្នាយ៉ាងរលូនជាមួយភាគីថៃ បើកប៉ារ៉ាស់ឲ្យទំនិញស្ទើគ្រប់ប្រភេទ ដឹកតាមរយៈរថយន្តថៃ និងខ្មែរ មិនថាយប់ថ្ងៃ ផ្គើននឹងសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល ក្នុងការបិទ និងទប់ស្កាត់បទល្មើសឆ្លងដែន និងអំពើរត់ពន្ធគ្រប់ប្រភេទ ។
យោងតាមប្រភពព័ត៌មាន និងរូបភាពនៃសកម្មភាពនៅច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយលោក ស្មិត វណ្ណះ មេបញ្ជាការរងល្បាតទី២ នៃកងការពារព្រំដែនគោលលេខ ៥០៣ និងដោយមានលោក រឿង សារិទ្ធ ជាមេបញ្ជាការកងការពារព្រំដែនគោលលេខ ៥០៣ បានបង្ហាញថា ទំនិញដែលនាំចូលតាមច្រកនេះ ភាគច្រើននាំចូលនៅពេលយប់ជ្រៅ ដោយមានកងកម្លាំងប្រចាំការ ចាំបើកកុងត្រូលឱ្យទំនិញដែលនាំចូលពីប្រទេសថៃ តាមរយៈរថយន្តថៃប្រភេទ មួយបាំងកន្លះ និងរថយន្តហុកឡរ ឬរថយន្តរបស់កម្ពុជា ។ ទំនិញដែលនាំចូលភាគច្រើន ជាទំនិញប្រភេទ ម៉ូតូ សត្វពាហនៈ (ជ្រូក មាន់ ទា) និងទំនិញចាប់ហួយ ភេសជ្ជៈ សាប់បង្កជាដើម ។ ចំណែកទំនិញនាំចេញទៅថៃតាមច្រករបៀងនេះ ភាគច្រើនជាធ្យូង និងអង្កាម ។ រាល់ទំនិញដែលនាំចូលមួយភាគធំ ត្រូវបានស្តុក ឬផ្ទេរបន្តនៅនឹងឃ្លាំងបិទជិតដែលនៅតាមផ្លូវនៃមាត់ច្រក ឯទំនិញដែលរថយន្តខ្មែរចូលទៅដឹកក្នុងទឹកដីថៃ មិនត្រូវបានស្តុកទុក នៅជិតច្រកនោះឡើយ គឺ បន្តដឹកមកកាន់ទីរួមខេត្ត ឬទៅរាជធានីខេត្តផ្សេងទៀតតែម្តង ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញធរខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ធ្វើការបិទច្រករបៀង និងមានវិធានការទប់ស្កាត់ការរត់ពន្ធបទល្មើសគ្រប់ប្រភេទតាមបន្ទាត់ព្រំដែន ។ តែវិធានការនេះ ហាក់គ្មានប្រសិទ្ធភាពចំពោះកងកម្លាំងការពារព្រំដែនគោកលេខ ៥០៣ ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលមានលោក រឿង សារិទ្ធ ជាមេបញ្ជាការ បែរជាសហការជាមួយភាគីថៃ ក្នុងការនាំទំនិញចេញចូលយ៉ាងរលូនទៅវិញ ។
ជំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅលោក រឿង សារិទ្ធ ជាមេបញ្ជាការកងការពារព្រំដែនគោលលេខ ៥០៣ តាមរយៈប្រព័ន្ធតេឡេក្រាម តែលោកមិនឆ្លើយតប ។ តែបើតាមលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា លោកសូមអរគុណចំពោះអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានខាងលើ តែចំពោះករណីនេះលោកពុំបានដឹងទាល់តែសោះ ហើយម៉្យាងទៀតកម្លាំងទាំងអស់ហ្នឹង លោកបានហៅមកប្រជុំគណៈបញ្ជាការឯកភាពស្រុក ក៏គេមិនចូលដែរដោយគេថា គេមិនចំណុះឱ្យរដ្ឋបាលស្រុកនោះទេ ៕





ដោយ ៖ K-P