បុរសចំណាស់ម្នាក់ ឈប់ចាក់សាំង ត្រូវរថយន្តបុកពីក្រោយ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសចំណាស់ម្នាក់ ត្រូវបានរថយន្តបុកពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវ៉េ ត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង បើកបរដោយឈ្មោះ ងែត ឋាន  ភេទប្រុស អាយុ៦៨ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធនិងចៅប្រុសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឈប់ចាក់សាំង ដោយប្រពន្ធនិងចៅបានដើរចូលក្នុង សល់តែបុរសចំណាស់ខាងលើកំពុងឱនលើកអីវ៉ាន់ចុះពីម៉ូតូក៏ត្រូវរថយន្តម៉ាក HIGHLANDER ពាក់ផ្លាកលេខ ភ្នំពេញ2Q-8748 បើកបរដោយបុរសក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតមកបុកពីក្រោយពេញទំហឹងបណ្ដាលអោយប៉ើងមនុស្សស្លាប់ភ្លាមៗ ចំណែកម៉ូតូជាប់ក្បាលរថយន្តអូសជាច្រើនម៉ែត្រផងដែរ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ សាលី

CATEGORIES
Share This