ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ឆ្លើយតបភ្លាមៗនិងការលើកឡើងរបស់ពលរដ្ឋថា អាជ្ញាធរបង្ខិតបង្ខំអោយដាក់លូ តំលៃមួយកង់៤០ដុល្លា
ប៉ោយប៉ែត ៖ បន្ទាប់ពីមានការចែកចាយតាមបណ្តាញសង្គមតិកតុក ដោយស្រ្តីម្នាក់បានស្នើទៅសម្តេចពុក និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អោយជួយកូនចៅនៅដំណក់ទឹក ក្នុងសង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបញ្ហាអាជ្ញាធរកាយអោយពលរដ្ឋដាក់លូមួយកង់ថ្លៃ៤០ដុល្លា បើកដាក់ខ្លួនឯងមិនអោយដាក់ ត្រូវបានប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន មិនបង្អង់យូរបានចុះនិងឆ្លើយតបភ្លាមៗ ។
យោងតាមវីដេអូរឃ្លីបរបស់លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតដែលបានធ្វើការឆ្លើយតបបឋមជូនពលរដ្ឋ តាមបណ្តាញសង្គមកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថាក្រោយពីមានបងស្រីម្នាក់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត បានលើកឡើងពីការដាក់លូ១កង់៤០ដុល្លាហើយមានការចែកចាយតាមបណ្តាញសង្គមតៗគ្នា សុំអន្តរាគមទៅថ្នាក់ដឹកនាំកំពូល លោកបានអោយក្រុមការងារចុះពិនិត្យទាំងយប់ រហូតដល់ថ្ងៃនេះ គឺ អាជ្ញាធរមិនមានការបង្ខិតបង្ខំលើការអោយពលរដ្ឋដាក់លូនោះទេ តែមានក្រុមហ៊ុនដាក់លូ និងពលរដ្ឋបានឯកភាពគ្នា ក្នុងការដាក់លូបន្ទាប់ពីអាជ្ញាធរបានឈូសឆាយធ្វើផ្លូវជូនពលរដ្ឋ ហើយកាយប្រឡាយបញ្ចៀសទឹកកុំអោយទឹកជនលិច ។ ចំពោះរឿងបងស្រីលើកឡើងអាចបណ្តាលមកពី គាត់មិនទទួលបានព័ត៌មាន ពីអាជ្ញាធរព្រោះគាត់មានដីនៅទីនោះ ៥គុណ២០ម៉ែត្រ មិនមានសំណង់ទេ ដោយគាត់រស់នៅសៀមរាបយូរៗមកមើលដីម្តង ។ តែទោះជាយ៉ាងណាលោកសូមបញ្ជក់ថា អាជ្ញាធរមិនបានបង្ខិតបង្ខំអោយដាក់លូនោះទេ បើបងប្អូនចង់ដាក់ខ្លួនឯង ក៏ដាក់បានគិតថា គ្មានលទ្ធភាពធ្វើស្ពានឈើឆ្លងក៏បាន។
ដោយឡែកបើតាមលោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ក៏បានអោយដឹងដែលថា ក្រោយពីមានការបង្ហោះលើកឡើងពីបញ្ហាដាក់លូ យកលុយ៤០ដុល្លាលោកបានចុះទៅដល់ទីតាំង ដោយលោកបានអះអាងថា អាជ្ញាធរមិនបានជាប់ពាក់ព័ន្ធនឹងការយកលុយដាក់លូនោះទេ រឿងដាក់លូ គឺ ពលរដ្ឋចរចារជាមួយក្រុមហ៊ុនអាជ្ញាធរ គឺ កាយប្រឡាយរំដោះទឹក ហើយអាជ្ញាធរមិនបានកំណត់ថា ត្រូវតែដាក់លូដោយក្រុមហ៊ុនឬដោយខ្លួនឯងនោះទេ តែដាក់តាមរបៀបណាក៏ដោយត្រូវរាយការណ៍មកអាជ្ញាធរ ចុះពិនិត្យធ្វើយ៉ាងណាដាក់តាមបច្ចេកទេស។
សូមបញ្ជាក់ ក្រុងប៉ោយប៉ែត ជាក្រុងមួយជាប់ព្រំដែនថៃក្រោមម្លប់សន្តិភាព ក៏បានរីកចំរើនយ៉ាងឆាប់រហ័សដោយកន្លងមក អាជ្ញាធរបានធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ដោយមានការចូលរួមចំណែកពីប្រជាពលរដ្ឋសងខាងផ្លូវ ៥០បូក៥០ (មានន័យថា ពលរដ្ឋចេញលុយធ្វើផ្លូវ) តែចាប់តាំងពីវិបត្តិកូវិដមក ការចូលរួមធ្វើផ្លូវ និងដាក់លូ ហាក់ដូចជាមិនសូវចូលរួម ៕







