ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីចុងសប្តាហ៍កន្លងទៅ ពាក់ព័ន្ធ នឹងករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ុនសារីនហៅរីន ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រីនួននីណារ៉ូ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីពាក់កណ្ដាលយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចម្តុំអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងចំណោមបក្ខពួក២នាក់បានរត់គេចខ្លួនបាត់ ។
ការបង្ក្រាបនេះសមត្ថកិច្ចបានដកហូតដល់វត្ថុតាងមួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៩ក្រាម (នៅក្នុងហោប៉ៅខោខាងឆ្វេង របស់ជនសង្ស័យ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ១,៤៣ក្រាម ជារបស់ជនសង្ស័យ ដែលបានរត់គេចខ្លួន ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

