បុរស០២នាក់ ត្រូវបានរថយន្តបុកពីក្រោយ បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បាត់ដំបង ៖ បុរស០២នាក់ ត្រូវបានរថយន្តបុកពីក្រោយបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈដែលកំពុងជិះម៉ូតូដឹកគ្នានៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភះឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២០ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក SUZUKI UD ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1Y-9864 បើកបរដោយឈ្មោះ ចាន់ លីហួ  ភេទប្រុស អាយុ២៤ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ជ រ៉ាវិន ភេទប្រុស អាយុ២១ឆ្នាំ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តកូរ៉េប្រភេទដឹកទំនិញជ្រុលចង្កូតមកបុកពីក្រោយបណ្ដាលអោយអ្នកបើកបរស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់បាក់ជើងម្ខាង ហើយរថយន្តបានបន្តបើកគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីស្រាវជ្រាវរករថយន្តបង្កមកចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This