រថយន្តដឹកទឹកកក ស្ពានដែក បុកម៉ូតូសណ្តោងរទេះឈប់ចត បង្កការខូចខាតយ៉ាងដំណំ
បាត់ដំបង ៖ រថយន្តដឹកទឹកកកស្ពានដែក មួយគ្រឿងបានជ្រុលចង្កូត ទៅបុកម៉ូតូសណ្តោងរទេះ ដែលកំពុងឈប់ចត បណ្តាលអោយរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងមុខបរិវេណសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តកូរ៉េដឹកទឹកកកស្ពានដែក ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 3A-4305 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរទេះលក់នំរ៉ូទីម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿងពាក់ផ្លាកលេខបាត់ដំបង 1W-4305 បើកបរដោយបុរសម្នាក់ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវក្នុងទិសដៅស្របគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រងរបួសស្រាលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងផ្តល់សិទ្ធិអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងផងដែរ ៕






ដោយ ៖ សាលី