នគរបាលឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត

បន្ទាយមានជ័យ ៖ ក្រោយករណីមនុស្ស លោតសម្លាប់ខ្លួនពីលើអគារ កាស៉ីណូក្រោនរីសត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនជនជាតិឥណ្ធូនេស៉ី៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

តាមលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣ នៃអគារកាស៉ីណូ ទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ជាជនជនជាតិឥណ្ធូនេស៉ី ចំនួន៥នាក់ រួមមាន ៖ ១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២-ឈ្មោះ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣-ឈ្មោះ GERY CAHYADI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៤-ឈ្មោះ NICO ANDREAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៥-ឈ្មោះ WIRIANI ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សា ជាមួយជនរងគ្រោះខាងលើ ពិតប្រាកដមែន ។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បាននិងកំពុងសួរនាំបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

CATEGORIES
Share This